(កំពង់ចាម) ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានការកើនឡើងប្រចាំ ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងបច្ចុប្បន្ននេះ ពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋយើងបានឡើយ។ ដូច្នេះ អាជ្ញាធរខេត្តត្រូវការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញឲ្យបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះ ក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Yasmin Siddiqi ) នាយិកា នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងលោក ឡូរ៉ង់ ពិសប៉ូ (Laurent Raspaud) នាយករង នៃទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍(AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ខយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច មហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំយកចិត្តទុកដាក់ក្នុង ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីៗ បន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់ សម្ពោធឱ្យដំណើការជាផ្លូវការនៅថ្ងៃនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ស្ដែង គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណជាង ១៣ លានដុល្លារ ក្នុងនោះរួម មាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ឥណទានពីទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍ន៍ (AFD) និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ និងបានអនុម័តផ្តល់កិច្ចសន្យាសាងសង់ឱ្យ “ក្រុមហ៊ុនសំណង់អភិវឌ្ឍន៍ទីក្រុងប៉ ni in Beijing Urban Construction Group Co.,Ltd (BUCG)។
ឯកឧត្តម អភិបាលខេត្ត បន្តថា នៅក្នុងគម្រោងនេះ មានការសាងសង់៖ ទី១-ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាព បូម ១២.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ១១.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ, បំពង់បូមទឹកឆៅទៅរោងចក្រប្រវែង ៤គីឡូម៉ែត្រ, បណ្ដាញម នាំទឹកស្អាតប្រវែង ៥,២គីឡូម៉ែត្រ។ ក្រោយពីទទួលបានស្ថានីយថ្មីនេះ រដ្ឋាករទឹកកំពង់ចាម មានសមត្ថភាពផលិតទឹកស្អាតសរុប ២៨.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាញប្រវែងប្រមាណ ៤៤៣គីឡូម៉ែត្រ ដែលមានអតិថិជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ចំនួន១៩.៣៣៩គ្រួសារ មានមនុស្សចំនួន ៨៩.០៣០នាក់ ស្មើនឹង ៧៦% នៃតំបន់គ្របដណ្ដប់របស់រដ្ឋករទឹក។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ខណៈបរិមាណផ្គត់ផ្គង់ទឹកស្អាតខាងលើមិនទាន់អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្ម ឧស្សាហកម្ម ដែលមានភាពមមាញឹកក្នុងខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពស្នើ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍មេត្តាពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ ទឹកបន្ថែមទៀត៕

