(ភ្នំពេញ) :សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជា កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសន្តិសុខ រវាងក្រសួងទាំងពីរ នាពេលកន្លងមក។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។
ឯកឧត្តម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តកំណត់ហេតុស្ដីពីសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។
ឯកឧត្តម បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តម Vanthong KONGMANY ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ជាមួយគ្នានេះ សម្ដេចធិបតី បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កេីតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបន្ថែមទៀតថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ ដែលទាមទារ នូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។
ជាទីបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកគាំទ្រដល់ការតភ្ជាប់ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕

