អភិបាលខេត្តពោធិ៍សាត់ ផ្តាំផ្ញើម្ចាស់សហគ្រាស គ្រឹះស្ថាន បន្តសហការជាមួយមន្ត្រីជំនាញ យកចិត្តទុកដាក់លើសុខភាពរបស់កម្មករ

ខេត្យពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបន្តសហការល្អជាមួយមន្ត្រីជំនាញ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ។

ការផ្ដាំផ្ញើរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំឃ្លាំងមឿង នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់ លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់បច្ចុប្បន្នមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤១២កន្លែង ដែលកំពុងផ្តល់ការងារដល់កម្មករនិយោជិតសរុប ១៥,៨១៥នាក់ (ស្រី ១០,០០៦នាក់)។

ក្នុងនោះ វិស័យកាត់ដេរមានកម្លាំងពលកម្មច្រើនជាងគេដល់ទៅ ៧,៨២៧នាក់ និងវិស័យធនាគារ និងហិរញ្ញវត្ថុដែលមានបុគ្គលិក ១,៧៧៨នាក់ ព្រមទាំងវិស័យផ្សេងៗទៀតដូចជា សំណង់ សេវាកម្ម កម្មន្តសាល និងកសិកម្ម។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរការងារសម្រេចបាន។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអបអរសាទរនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាពរវាងរដ្ឋ កម្មករ និងនិយោជក។

ឯកឧត្តម បន្ដថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបន្តជំរុញការវិនិយោគ បង្កើតការងារក្នុងស្រុកតាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ពេញលេញតាមច្បាប់ការងារ និងមានជីវភាពកាន់តែប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *