អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ចុះពិនិត្យបច្ចេកទេស និងការដាំដុះបន្លែរបស់សហគមន៍កសិកម្មនៅស្រុកពាមជរ

(ខេត្តព្រៃវែង)៖ នៅថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេស ដែលមានការចូលរួមពីសំណាក់ប្រធានការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងដាំដុះដំណាំបន្លែ ស្ថិតក្នុងសហគមន៍កសិកម្ម «អភិវឌ្ឍន៍ថ្មី» ក្នុងភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

គោលបំណងនៃការចុះពិនិត្យនាឱកាសនេះ គឺដើម្បី៖ ពិនិត្យលើបច្ចេកទេសដាំដុះ និងការលូតលាស់នៃដំណាំបន្លែរបស់សមាជិកសហគមន៍។ ផ្តល់ការណែនាំបន្ថែមដល់កសិករអំពីការថែទាំ ការការពារសមាសភាពចង្រៃ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់។ សិក្សាពីតម្រូវការ និងបញ្ហាប្រឈមនានារបស់សហគមន៍ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការជំរុញផលិតកម្មបន្លែឱ្យកាន់តែសម្បូរបែប សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្ត។

ក្នុងដំណើរចុះពិនិត្យនោះ លោកអនុប្រធានមន្ទីរ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនកសិករក្នុងសហគមន៍អភិវឌ្ឍន៍ថ្មី ដែលបានប្រែក្លាយផ្ទៃដីដាំដុះ ឱ្យទៅជាប្រភពចំណូលគ្រួសារដ៏រឹងមាំ និងរួមចំណែកដល់សន្តិសុខស្បៀងនៅក្នុងមូលដ្ឋាន។ លោកក៏បានលើកទឹកចិត្តឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវតម្លៃទីផ្សារសមរម្យ និងមានស្ថិរភាព។

គួរបញ្ជាក់ថា សហគមន៍កសិកម្ម «អភិវឌ្ឍន៍ថ្មី» គឺជាគំរូមួយក្នុងការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដែលមន្ទីរកសិកម្មខេត្តព្រៃវែង តែងតែយកចិត្តទុកដាក់តាមដាន និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋតាមរយៈវិស័យកសិកម្ម៕

រូបភាព៖ មន្ទីរកសិកម្មខេត្តព្រៃវែង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *