ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ”

ខេត្តសៀមរាប: នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ដោយមានអញ្ជើញចូលរួមពីលោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ ដោយចាត់ទុកសហគ្រាស ឬរោងចក្រគឺជា “ឆ្នាំងបាយរួម” និង “ផ្ទះទីពីរ” ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស និងរីកចម្រើន និងជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការថែទាំសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនារដូវនេះ។ លោកបានសង្កត់ធ្ងន់ដោយបានលើកទឹកចិត្តឱ្យបងប្អូនកម្មករនិយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោក ឌី រ៉ាដូ បានមានប្រសាសន៍ថា ស្មារតីនៃទិវា ១ ឧសភា ត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្តអនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។ លោកក៏បានជំរុញ លើកទឹកចិត្តដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាមស្ដង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករ កម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ។

យោងតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលអានដោយ លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីការពារឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិត។ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរអនុវត្តស្របតាមខ្លឹមសារ “ការងារសមរម្យ គឺជាការងារដែលប្រកបដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្ដល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត”។

លោក អ៉ឹម​ ចំរើន អនុប្រធានមន្ទីរការងារខេត្តសៀមរាប បានលើកឡើងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១.ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ស្របនឹងគោលដៅឆ្នាំ២០២៦ គឺផ្ដោតលើការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព។ ២.កិច្ចសន្ទនាសង្គម តាមរយៈវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គម គឺជាយុទ្ធសាស្ត្រផ្ដល់ដំណោះស្រាយពិតប្រាកដសម្រាប់បងប្អូនកម្មករនិយោជិត និង៣.គឺការងារសមរម្យ ជំរុញការបន្តកែលម្អលក្ខខណ្ឌការងារ ដើម្បីធានាបាននូវការងារសមរម្យសម្រាប់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *