ខេត្តសៀមរាប: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ចូលជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្ដីពី នីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ(SOP) និងលោក អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ជាគណៈអធិបតី។ សិក្ខាសាលានេះដែរមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអង្គការយូនីសេហ្វ ទទួលបន្ទុកកិច្ចការពារកុមារ តំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មេឃុំ ស្មៀនឃុំ អ.ក.ន.ក ចំណុះរដ្ឋបាលស្រុកទាំង៨ នៃរដ្ឋបាលខេត្តសៀមរាប សរុប៧៥រូប ស្រី៣៧រូប នៅរដ្ឋបាលខេត្តសៀមរាប។
សិក្ខាសាលាតម្រង់ទិសនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់មេឃុំ អ.ក.ន.ក ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារសំខាន់ៗនៃសៀវភៅណែនាំ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការការពារ បង្ការទប់ស្តាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបលើករណីរំលោភបំពានកុមារ និងអំពើហិង្សាលើកុមារគ្រប់ទម្រង់បានទាន់ពេលវេលា ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

