អបអរសាទរ ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

ខេត្តព្រៃវែង: នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រសហគ្រាស នៅក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង(ខ្មែរ) ស្ថិតក្នុងភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានប្រធានផ្នែក ចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារ អភិបាលនៃគណៈអភិបាលក្រុង ស្រុក កម្មករនិយោជិតក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង(ខ្មែរ) និងកម្មករនិយោជិតក្រុមហ៊ុន ថបសុីលវើរ លីតមីតធីត ស្រុកស្វាយអន្ទរ សរុបចំនួនប្រមាណ ៣.២១២ រូប។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាននាំយកនូវក្រមា និងថវិកាផ្ទាល់ខ្លួនសម្រាប់ឧបត្ថម្ភជូនដល់កម្មករនិយោជិតរោងចក្រសរុបចំនួន ៣.១០៨នាក់ (ក្នុងនោះស្ត្រីមានផ្ទៃពោះមានចំនួន ៧៩នាក់) ដែលក្នុងម្នាក់ៗទទួលបាន ក្រមា ចំនួន១ និងថវិកា ៤០.០០០រៀល និងស្រ្តីមានផ្ទៃពោះចំនួន ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ចំនួន១ និងថវិកា ១៤០.០០០រៀល សរុបជាថវិកាទាំងអស់ស្មើនឹង ១៣២.២២០.០០០រៀល ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ ដើម្បីការងារសមរម្យ និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *