ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជាង២ពាន់នាក់ ក្នុងស្រុកព្រៃឈរ នាឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ២.៣៧៣នាក់ នៅក្រុមហ៊ុន សានស៊ូ ហ្គាម៉ិន ស្ថិតនៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយសារប្រទេសកម្ពុជាយើងមានថ្នាក់ដឹកនាំ ដ៏ត្រឹមត្រូវ ដែលបាននាំមកនូវសុខសន្តិភាព ជូនដល់សង្គមជាតិ នៅប្រទេសរបស់យើង ទើបធ្វើឲ្យអ្នកវិនិយោគ ចូលមកជាហូរហែតាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាខេត្តកំពង់ចាមយើងនេះផងដែរ ដែលបានផ្ដល់នូវឱកាសការងារ ក៏ដូចជាបានផ្ដល់នូវប្រាក់ចំណូល ចូលដល់គ្រួសាររបស់ប្រជាពលរដ្ឋយើង ដើម្បីបង្កើនជីវភាពឱ្យល្អប្រសើរដូចសព្វថ្ងៃនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងផងដែរថា នៅពេលដែលគម្រោងព្រែកជីកហ្វូណនបានសាងសង់រួច ការដឹកជញ្ជូនភាគច្រើនគឺតាមផ្លូវទឹក ដូច្នេះរាល់ទំនិញ កសិផល សម្ភារៈវាយនភ័ណ្ឌទាំងឡាយ ដែលផលិតចេញពីរោងចក្រ និងដឹកចូលទៅកំពង់ផែទន្លេបិទ ដឹកជញ្ជូនព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅប្រទេសទី ២ ដែលចាំទទួលទំនិញ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅពេលដំណើរការដឹកជញ្ជូនទំនិញចេញតាមព្រែកជីកហ្វូណនតេជោ នោះខេត្តកំពង់ចាម អាចនឹងមានរោងចក្រច្រើន ដោយសារតែខេត្តមួយនេះគឺកៀកនិងកំពង់ផែ ដែលប្រការនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង កាន់តែមានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតពីការអភិវឌ្ឍន៍នេះ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសសម្ដែងនូវការអបអរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន សាន់ស៊ូ ហ្គាម៉ិន នេះ ដែលបានធ្វើការស្រុះស្រួល និងសាមគ្គីគ្នា គោរពទៅតាមច្បាប់ការងារ ចូលរួមសហការធ្វើការងារបានល្អ ជាមួយខាងរោងចក្រ ធ្វើឲ្យសកម្មភាពការងារដំណើរការបានល្អដូចបច្ចុប្បន្ននេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *