ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែង ៥៧២ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិផ្លាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក មន្ត្រីបច្ចេកទេសខេត្ត ប្រធានការិយាល័យផែនការគាំទ្រឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមហ៊ុនអ្នកទទួលការសាងសង់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមការបញ្ជាក់ក្នុងពិធីនេះ គម្រោងសាងសង់ផ្លូវបេតុងថ្មីនេះ គឺជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ។
ក្នុងឱកាសនោះ លោក ហ៊ន សុផាត បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធ ៖ ផ្លូវបេតុងថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិផ្លាំង ក៏ដូចជាឃុំត្រពាំងស្រែទាំងមូល។ លោកអភិបាលស្រុក បានជម្រុញឱ្យមន្ត្រីបច្ចេកទេស និងក្រុមហ៊ុនអ្នកទទួលការ ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងប្រើប្រាស់បានយូរអង្វែង។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយសហការ និងថែរក្សាសមិទ្ធផលថ្មីនេះឱ្យបានល្អ ក្រោយពេលសាងសង់រួចរាល់។
បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងនាំមកនូវការអភិវឌ្ឍដល់មូលដ្ឋានផ្ទាល់តែម្តង៕

