ខេត្តព្រៃវែង: នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង មានរៀបចំពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃវិស័យសង្គមកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងពិធីនេះដែរ លោកស្រី ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ដើម្បីស្វាគមន៍ និងចូលរួមក្នុងកិច្ចការងារដ៏មានសារៈសំខាន់នេះ។
អង្គពិធីទាំងមូលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៤៣២ រូប ដែលរួមមាន៖ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងគណៈប្រតិភូអមដំណើរ។ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលរងខេត្ត, នាយករដ្ឋបាល, មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ, ប្រធានពន្ធនាគារ និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។ អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីអនុវត្តកម្មវិធីគាំពារសង្គមឃុំ-សង្កាត់ទូទាំងខេត្ត។
ពិធីនេះមិនត្រឹមតែជាការប្រកាសសមាសភាពផ្លូវការនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាជំនួយសង្គមឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ និងការណែនាំដល់មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្ត ឱ្យបន្តខិតខំបម្រើសេវាជូនអតីតយុទ្ធជន ជនពិការ និងជនងាយរងគ្រោះដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធីគាំពារសង្គមនៅតាមឃុំ-សង្កាត់ ដើម្បីធានាថាជំនួយរបស់រាជរដ្ឋាភិបាលបានទៅដល់ដៃគោលដៅពិតប្រាកដ និងទាន់ពេលវេលា។
តាមរយៈការប្រកាសសមាសភាពថ្មីនេះ ត្រូវបានរំពឹងថា ប្រព័ន្ធគាំពារសង្គមនៅក្នុងខេត្តព្រៃវែងនឹងកាន់តែមានភាពរឹងមាំ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕


