(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ថ្លែងថា៖ កាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត ជាការបង្ហាញនូវដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងនោះ ខេត្តកំពង់ចាម ក៏មានវិស័យមួយចំនួនដែលមានកំណើនខ្ពស់ដូចជា ផលិតកម្ម កសិកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងថាមពលបៃតង ដោយបានការរៀបចំជាយុទ្ធសាស្ត្រ និងការរៀបចំសម្រាប់ភាពជាដៃគូ សំដៅពង្រឹង និងផ្តល់នូវជំនឿទុកចិត្ត ជូនដៃគូក្នុងការសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលទីផ្សារ។
ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ៖ កាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត ក្រោមវត្តមានអញ្ជើញជាវាគ្មិន ពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាល ស្ថិតនៅសណ្ឋាគារLBN ក្រុងកំពង់ចាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុន ចាន់ដា សូមគាំទ្រ និងវាយតម្លៃខ្ពស់ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុងគោល បំណងរួម គឺដើម្បីផ្ដល់ជាទុនក្នុងការចែករំលែកព័ត៌មានជូនដល់សមាជិក សមាជិកា ជាពិសេស សហគ្រិន និងអ្នកវិនិយោគទាំងឡាយឱ្យបានយល់ដឹងកាន់តែច្បាស់អំពីកាលានុវត្តភាព និងឱកាស អាជីវកម្មថ្មីៗ។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា ក្រោមម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រជាជន យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាត សម្ដែងនូវការគោរព និងដឹងគុណយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលតស៊ូ ផ្ដួលរំលំរបបប្រល័យពូជ សាសន៍ និងបន្តដឹកនាំអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» រហូតទទួលបានសុខសន្តិភាព និង ឯកភាព ជាតិពេញលេញ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ចាម ទទួលបានសមិទ្ធផល រូបវន្តជាច្រើនលើគ្រប់វិស័យ។
ឯកឧត្តម អ៊ុន ចាន់ដា សង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង៤ ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ មកដល់ ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍ លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ បន្ថែមពីនេះ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតរួមមាន ផ្លូវ ថ្នល់ ស្ពាន បានតភ្ជាប់ពីជនបទ មកទីប្រជុំជនបានគ្រប់ទីកន្លែង មាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលបម្រើឱ្យប្រជាជនគ្រប់តម្រូវការ៕

