ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

(ភ្នំពេញ) : ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ។

រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលក៏ដូចគ្នាដែរ គឺប្រសិនបើពុំទាន់មានផេកដូចបានបញ្ជាក់ខាងលើទេនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំបង្កើតឡើងជាមួយគ្នានឹងក្រុមការងារទទួលបន្ទុកឆ្លើយតបឱ្យបានលឿនជូនសាធារណជន។ ការរៀបចំយ៉ាងដូច្នេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ ដាច់ដោយឡែកពីផេករបស់អង្គភាពដែលផ្សាយព័ត៌មានទូទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកផេក និងក្រុមការងារនេះ ថាជាក្រុមជួរមុខ ជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលអ្នកពាក់ព័ន្ធ ឬសាធារណជន ពេលកើតមានរឿងហេតុណាមួយ ក្នុងសង្គម ជាពិសេសពេលសាធាណមតិផ្ទុះការចាប់អារម្មណ៍ខ្លាំង៕

 

ប្រភព ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *