ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំរោង អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរអធិការកិច្ចខេត្តព្រៃវែង បានរៀបចំពិធីចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ដែលស្ថិតនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
យុទ្ធនាការចុះផ្សព្វផ្សាយនេះ មានគោលបំណងចម្បងក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ បង្កើនការយល់ដឹងពីផលវិបាកនៃគ្រឿងញៀន និងពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងចំណោមយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
ក្នុងឱកាសនោះ វាគ្មិនដែលជាមន្ត្រីជំនាញនៃមន្ទីរអធិការកិច្ចខេត្ត បានលើកយកចំណុចសំខាន់ៗមកបង្ហាញ រួមមាន៖ ការយល់ដឹងពីសញ្ញាចរាចរណ៍ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងការបើកបរដោយស្មារតីទទួលខុសត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ការបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀនមកលើសុខភាព បុគ្គល គ្រួសារ និងសង្គមជាតិ ព្រមទាំងយន្តការបង្ការ និងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងសហគមន៍។
យោងតាមរបាយការណ៍ បញ្ជីវត្តមានក្នុងពិធីផ្សព្វផ្សាយនេះ មានអ្នកចូលរួមសរុបចំនួន ៦៧៩ នាក់ (ស្រី ២៦៨ នាក់) ដែលរួមមានមន្ត្រីនៃមន្ទីរអធិការកិច្ច អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សកម្មភាពនេះ បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់មន្ទីរអធិការកិច្ចខេត្តព្រៃវែង ក្នុងការចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការការពារធនធានមនុស្សឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តព្រៃវែងទាំងមូល៕សហការី

