(ភ្នំពេញ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ នៅទីក្រុងភ្នំពេញ។
កម្ពុជា និងចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាង សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
សូមជម្រាបជូនថា ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន៕

