ខេត្តពោធិ៍សាត់: នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងស្ថានភាពដែលអាកាសធាតុកំពុងមានកម្តៅកើនឡើងខ្លាំង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យដោយផ្ទាល់ និងដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក (រថយន្តពន្លត់អគ្គិភ័យ) ដើម្បីស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។
សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចបណ្តាលឱ្យដើមឈើលម្អតាមទ្រូងផ្លូវក្រៀមស្វិត ឬងាប់ ប្រសិនបើខ្វះការថែទាំ និងការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់។
គួរជម្រាបជូនថា អត្ថប្រយោជន៍នៃការស្រោចស្រពទឹក ក្នុងដំណាក់កាលនេះ រួមមាន៖
-ការសង្គ្រោះជីវិតដើមឈើ៖ ការផ្តល់សំណើមចំពេលដែលអាកាសធាតុក្តៅខ្លាំង ជួយឱ្យដើមឈើរក្សាបាននូវភាពស្រស់បំព្រង និងបន្តលូតលាស់បានល្អ បញ្ជៀសការខូចខាតទ្រព្យសម្បត្តិសាធារណៈ។
-ការកាត់បន្ថយកម្តៅ និងធូលី៖ ការស្រោចទឹកមិនត្រឹមតែជួយដើមឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយកម្តៅហួតហែងលើដងផ្លូវ និងកាត់បន្ថយធូលីហុយ ដែលផ្តល់ផាសុកភាពដល់អ្នកធ្វើដំណើរ។
-ការរក្សាសោភ័ណភាពខេត្ត៖ ដើមឈើដែលរស់រវើកនៅតាមទ្រូងផ្លូវជាតិលេខ៥ គឺជាមុខមាត់របស់ខេត្តពោធិ៍សាត់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានបៃតង និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរដែលឆ្លងកាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមសងខាងផ្លូវ សូមចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើនៅមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត ដើម្បីរួមគ្នាធ្វើឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តដែលមានបរិស្ថានស្អាត និងមានភាពទាក់ទាញគ្រប់រដូវកាល៕

