ពលរដ្ធរងគ្រោះដោយសារខ្យល់កន្ទ្រាក់ និងជីវភាពខ្វះខាតចំនួន ៥គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាស្រុកសុីធរកណ្ដាល

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្តាល បានដឹកនាំលោក លោកស្រី អនុប្រធាន មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់របើកដំបូលផ្ទះដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ ក្នុងនោះ ៤គ្រួសារ នៅឃុំប្ញស្សីសាញ់ និង ១គ្រួសារ នៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តា ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបែបនេះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានោះ លោកប្រធាន បានសំណូមពរសូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសាររដូវនេះជារដូវមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ និងសូមកុំចេញទៅទីវាលនៅពេលមានភ្លៀងធ្លាក់ ត្រូវអប់រំណែនាំដល់កុមារ និងក្មេងតូចៗ កុំអោយចុះលេងទឹកស្រះ អូរ ត្រពាំង បឹងបួរ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងសំណូមពរសូមអោយមានការខិតខំថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ត្រូវតាមដានសុខភាពជាប្រចាំ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

សម្ភារៈផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន: អង្ករ ២០គ.ក, មី ១កេស, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០,០០០ រៀល។

-ក្រុមកាកបាទក្រហមឃុំអំពិលក្រៅ បានចូលឧបម្ថម្ភបន្ថែម ១គ្រួសារ ថវិកាចំនួន ២០,០០០ រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *