(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារ អញ្ជើញពិនិត្យការដង្ហែក្បួនសាកល្បង សត្វសេះ សម្រាប់ឆ្នាំមមី អដ្ឋស័ក មុនពេលបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២៦ ខាងមុខនេះ។
បើតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មី ២០២៦ នេះ រៀបចំធំជាងឆ្នាំមុន មានអត្ថប្រយោជន៍ច្រើន ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ គឺរដ្ឋបាលខេត្តបានពិភាក្សាជាមួយថ្នាក់ដឹកនាំយ៉ាងល្អិតល្អន់ និងមានផែនការជាក់លាក់ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីសាសនារបស់ ឱ្យបានល្អគង់វង្ស ជាពិសេស បញ្ជ្រាបការយល់ដឹងដល់ផ្នត់គំនិត នៃស្រទាប់យុវជន តាមរយៈការចូលរួមលេងល្បែងប្រពៃណី ។ ជាមួយគ្នានោះ ក៏មានការបង្ហាញអំពីការដឹងគុណដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែនផងដែរ ដោយការរំលេចនូវផ្ទាំងរូបភាព និងមានរំលេចនូវអត្ថន័យ នៃវីរៈកងទ័ពតាមរយៈការចាក់ចម្រៀងផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា អត្ថប្រយោជន៍នៃការរៀបចំសង្ក្រាន្តនេះ ក៏ជាការពង្រឹងនូវសេដ្ឋកិច្ចខេត្តកំពង់ចាម តាមរយៈការចំណាយរបស់ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្ត ពោលគឺប្រសិនបើ ភ្ញៀវមកកំសាន្តច្រើនរហូតដល់ជាង ២ លាននាក់ ដោយ ១នាកចាយប្រាក់តែ ២០ ដុល្លារ នោះថវិកាចំណូលក្នុងខេត្ត និងទទួលបានជាង ៤០ លានដុល្លារ ដែលថវិកាទាំងនេះគឺអាចរក្សានូវប្រក្រតីភាព សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត របស់យើងផងដែរ។
ម្យ៉ាងទៀត នៅពេលដែលភ្ញៀវទេសចរណ៍ចូលមក គាត់អាចឃើញការដាក់តាំងបង្ហាញស្តង់ពិពណ៌ បានឃើញការអភិវឌ្ឍក្នុងខេត្ត និងតាមបណ្ដាស្រុក នីមួយៗ ពួកគាត់អាចចាប់អារម្មណ៍ និងដាក់ទុនវិនិយោគ នៅក្នុងខេត្តរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការរៀបចំសង្ក្រាន្តនេះ គឺមិនត្រឹមតែបង្ករលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីភាពរីកចម្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើងផងដែរ។


