ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។ ជាមួយនឹងការបានវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាពចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែងផងដែរ ។
លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។
- ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។

