ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នឹងឈានមកដល់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនៈភាពការងារតុបតែងលម្អសោភណ្ឌភាព នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលកំពុងលេចរូបរាងជាបណ្តើរៗ ហើយត្រៀមវរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។
បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញបន្តទៅពិនិត្យមើលការងាររៀបចំ នៅភូមិវប្បធម៌ «សួនរវឌ្ឍនៈ» អតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញផងដែរ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យក្រុមការងារជំនាញពន្លឿនការរៀបចំនេះ ឱ្យបានលឿននិងឱ្យទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង នូវបានណែនាំឱ្យក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ ធ្វើអនាមម័យ បរិស្ថានផងដែរ។
គិតមកដល់ថ្ងៃទី១០ មេសានេះ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកញាប់ដៃញាប់ជើង សម្រុករៀបចំតុបតែងលម្អ សោភ័ណភាព នៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។
រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕

