អភិបាលខេត្តកំពង់ចាម បង្ហាញអំពីអត្ថប្រយោជន៍ នៃការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើន ក្នុងការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មី២០២៦នេះ ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់ វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តជាដើម។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី ២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានពិភាក្សាជាមួយថ្នាក់ដឹកនាំយ៉ាងល្អិតល្អន់ ដែលសង្ក្រាន្តនេះមានទ្រង់ទ្រាយធំជាងឆ្នាំ ២០២៥ និងមានផែនការជាក់លាក់ក្នុងនោះ ៖
ទី១៖ គឺការថែរក្សាវប្បធម៌ប្រពៃណីសាសនារបស់យើង ឱ្យបានល្អគង់វង្ស ជាពិសេស បញ្ជ្រាបការយល់ដឹងដល់ផ្នត់គំនិត នៃស្រទាប់យុវជនរបស់យើង តាមរយៈការចូលរួមលេងល្បែងប្រពៃណី ។ បន្ថែមលើនេះ គឺជាការដឹងគុណដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៃយើងព្រោះថាការរៀបចំនេះ បានរំលេចនូវផ្ទាំងរូបភាព និងការដង្ហែក្បួនក៏មានរំលេចនូវអត្ថន័យ នៃវីរៈកងទ័ពរបស់យើងតាមរយៈការចាក់ចម្រៀងផងដែរ។
ទី២៖ គឺជាការពង្រឹងនូវសេដ្ឋកិច្ចខេត្តកំពង់ចាម ដោយហេតុថា ប្រសិនបើប្រជាពលរដ្ឋមកកំសាន្តច្រើនរហូតដល់ជាង ២លាននាក់ ដោយម្នាក់ចាយប្រាក់តែ ២០ដុល្លារ នោះថវិកាចំណូលក្នុងខេត្តនឹងទទួលបានជាង ៤០លានដុល្លារ ដែលថវិកាទាំងនេះគឺអាចរក្សានូវប្រក្រតីភាពសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តរបស់យើងផងដែរ។
ទី៣៖ គឺការបង្កើនឱកាសវិនិយោគ ពោលគឺនៅពេលដែលភ្ញៀវទេសចរណ៍ចូលមក គាត់អាចឃើញការដាក់តាំងបង្ហាញស្តង់ពិពណ៌ បានឃើញការអភិវឌ្ឍក្នុងខេត្ត និងតាមបណ្ដាស្រុក នីមួយៗ ពួកគាត់អាចចាប់អារម្មណ៍ និងដាក់ទុនវិនិយោគ នៅក្នុងខេត្តរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការរៀបចំសង្ក្រាន្តនេះ គឺមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីភាពរីកចម្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់យើងផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *