ខេត្តព្រៃវែង: នារសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសាលាខេត្តព្រៃវែង មានរៀបចំពិធីប្រគល់-ទទួលធុងសំរាម ចំនួន ៥ ២៩៧ធុង ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១៣ និងមន្ទីរ អង្គភាពមួយចំនួនជុំវិញខេត្ត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
ធុងសំរាមសរុបចំនួន ៥ ២៩៧ធុង ត្រូវបានប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង រួមទាំងមន្ទីរ និងអង្គភាពមួយចំនួនទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុង-ស្រុក ជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលបរិស្ថាន ដែលជាកត្តាសំខាន់ក្នុងការថែរក្សាសុខុមាលភាពសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់ថា ការផ្ដល់ធុងសំរាមនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធនាការ “ភូមិ ឃុំ មានសុវត្ថិភាព” ជាពិសេសលើផ្នែកអនាម័យ និងសណ្ដាប់ធ្នាប់។
តំណាងរដ្ឋបាលក្រុង ស្រុក ដែលបានទទួលធុងសំរាមនាពេលនេះ បានបង្ហាញនូវក្ដីសប្បាយរីករាយ និងប្តេជ្ញាចិត្តថានឹងយកធុងសំរាមទាំងនេះទៅដាក់ពង្រាយនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងមន្ទីរពេទ្យឱ្យចំគោលដៅ ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការទុកដាក់កាកសំណល់ឱ្យមានរបៀបរៀបរយ។
ពិធីប្រគល់-ទទួលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានស្អាត ដើម្បីខេត្តព្រៃវែងកាន់តែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត៕

