ខេត្តព្រះសីហនុ: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់គ្រប់ភាគី បន្តចូលរួមថែរក្សាសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល សម្អាតអនាម័យបរិស្ថាន សម្អាតឆ្នេរអូរឈើទាលកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល។
ការអំពាវនាវរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល និងព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធ៌មខ្មែរ និងលេងល្បែងប្រជាប្រិយសាទរមហាសង្ក្រាន្តឆ្នាថ្មីប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ» នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធិផលនានានេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរ-អង្គភាព និងម្ចាស់តូបរៀបចំគម្រោងកែលម្អឆ្នេរអូរឈើទាល ដោយរួមមាន៖
១.រៀបចំចំណតរថយន្តបានបញ្ចប់ ១០០ភាគរយ ការងារចាក់បេតុង និងគូសស្លាកសញ្ញាជាដើម រួមទាំងដាក់ភ្លើងបំភ្លឺសូឡា ៦៩ដើម, រ៉េហ្គែលូទឹកកខ្វក់ចំនួន ២៧កន្លែង, ដាំដើមអង្គារសិល្ប៍ ៣១១ដើម, ដើមស្លាកំប្រុក ៨៦ដើម, ដើមឈើទាល ២០០ដើម និងដាក់ដាំស្មៅទំហំ ១ ២០០ម៉ែត្រការ៉េ។
២.ការងារគ្រប់គ្រងប្រព័ន្ធអគ្គិសនី ជំរុញបងប្អូនអាជីវករតបណ្តាញអគ្គិសនី និងខ្សែកាបអ៊ុប ទិកក្រោមដី ក្រោយតូបអាហារនីមួយៗ។
៣.សាងសង់ផ្លូវដើរក្រោយតូប និងផ្លូវដើរមុខតូបដោយចាក់បេតុង និងអ៊ុតពណ៌បានបញ្ចប់ ១០០ភាគរយ។
៤.កែលម្អតូបអាហារ និងបើកផ្លូវដើរចូលឆ្នេរចំនួន ៧ច្រក។
៥.បំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងចំណតរថយន្ត។
៦.បានបញ្ចប់គម្រោងសាងសង់ឃ្លាំងស្តុកពោង ១ខ្នង ទទឹង ៨ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ។
៧.សាងសង់ស្លាក (ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ) អ៊ុតពណ៌ក្នុងបរិវេណរង្វង់មូលបេះដូង។
៨.លាបពណ៌ក្លោងទ្វាឆ្នេរ និងស្លាកក្លឹបឆ្នេរឡើងវិញ។
៩.ជួសជុលបន្ទប់ទឹកសាធារណៈ ១ខ្នង និងសាងសង់អគារសម្រាប់កម្លាំងកងរាជអាវុធហត្ថយាមប្រចាំការ។
១០.ដាក់ដុំបាល់នៅផ្លូវចេញ-ចូលឆ្នេរ ដើម្បីការពារការជិះម៉ូតូចូលឆ្នេរកម្សាន្ត ដែលបង្កឱ្យគ្រោះថ្នាក់។
ឯកឧត្តម អភិបាលខេត្ត បន្ដថា សមិទ្ធផលទាំងនេះប្រែក្លាយឆ្នេរអូរឈើទាលជាទិសដៅទេសចរណ៍ស្អាតទំនើប និងមានស្តង់ដារអន្តរជាតិ ស្របនឹងគោល នយោបាយអភិវឌ្ឍន៍ខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខ៕

