គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បន្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល នៅមណ្ឌលសុខភាព ស្រែណូយ

ខេត្តសៀមរាប: នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត(គ.វ.រ.) បានសម្របសម្រួលជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគ.វ.ជ. ចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សម្រាប់ការវាយតម្លៃនៅដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និងដំណាក់កាលចុះពិនិត្យនិងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយ នៅទីតាំងមណ្ឌលសុខភាព ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងប្រធានប្រតិភូដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ដោយមានការអញ្ជើញចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធាន គ.វ.រ. តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.វ.រ. លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិក គ.វ.រ. លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកវ៉ារិន មេឃុំស្រែណូយ មេភូមិ មេប៉ុស្ដិ៍នគរបាលរដ្ឋបាល តំណាងសហគមន៍ អង្គការដៃគូអភិវឌ្ឍន៍ ប្រធាន-អនុប្រធានមណ្ឌល លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធនានា។

ការវាយតម្លៃនេះ ត្រូវបានរៀបចំឡើងដើម្បីផ្ទៀងផ្ទាត់នៅទីតាំងជាក់ស្ដែងលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងសាកសួរបន្ថែមពីភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានវិនិច្ឆ័យសម្រេចចុងក្រោយ សម្រាប់ការវាយតម្លៃនិងការទទួលស្គាល់បេក្ខភាពផ្ដល់សេវសាធារណៈគំរូ និងដើម្បីបន្តស្វែងរកចំណាត់ថ្នាក់top5 ពីសំណាក់គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគ.វ.ជ. មានដូចខាងក្រោម៖
១. ស្ដង់ដាសេវាសាធារណៈ
២. ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព
៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
៤. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព
៥. ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព
៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ
៧. ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍
៨. ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ ចាប់ពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និងដំណាក់កាលចុះពិនិត្យនិងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយនាពេលនេះ ខេត្តសៀមរាប មានបេក្ខភាពចំនួន ៥អង្គភាព ក្នុងចំណោមបេក្ខភាពទាំង ៣១អង្គភាពទូទាំងប្រទេស ដែលបាន និងកំពុងស្ថិតក្នុងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និងដំណាក់កាលពិនិត្យនិងវាយតម្លៃចុងក្រោយរួមមាន វិស័យអប់រំចំនួន ៣អង្គភាព និងវិស័យសុខាភិបាលចំនួន ២អង្គភាព៖
១. អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា (ក្រុងសៀមរាប)
២. អនុវិទ្យាល័យអរញ្ញរង្សី (ស្រុកប្រាសាទបាគង)
៣. សាលាបឋមសិក្សាក្រវ៉ាន់ (ក្រុងសៀមរាប)
៤. មណ្ឌលសុខភាព គោកចក (ក្រុងសៀមរាប)
៥. មណ្ឌលសុខភាព ស្រែណូយ (ស្រុកវ៉ារិន)។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *