ខេត្តបាត់ដំបង: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានធ្វើយុទ្ធនាការ ស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គណៈកម្មាធិការសាខា អនុសាខាក្រុង មន្ត្រីប្រតិបត្តិ និងមន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីនគរបាលចរាចរណ៍សរុបចំនួន ៩៩នាក់។
ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ ឯកឧត្តម សុខ លូ បានឱ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក កត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរទោះជិតឬឆ្ងាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍”។ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា «សុវត្ថិភាពគឺចាប់ផ្ដើមពីយើងម្នាក់ៗ ហើយក្រៅពីសុវត្ថិភាពចរាចរណ៍គឺមានជំងឺឆ្លងនានាជាច្រើនផងដែរ។ ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»។
អំឡុងពេលសកលលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិឡើងថ្លៃប្រេងឥន្ធនៈ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងដែលជិះដោយឥតគិតថ្លៃដែលផ្ដល់ជូនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមបញ្ជាក់ថា គោលដៅនៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះ ក្រុមការងារបានបែងចែកជាក្រុមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងមានក្រុមសម្របសម្រួលសំណួរ ចម្លើយ ហើយផ្តល់រង្វាន់ជូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរត្រឹមត្រូវផងដែរ៕

