រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

(កំពង់ចាម): នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព. បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា នាសម័យប្រលង ២៨-សីហា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍សំខាន់ៗ រួមមាន:
១-ការផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ។

២-ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង។

៣-ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

៤- មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការការ-ក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះ រួមនឹងការបាញ់ថ្នាំសម្លាប់មូស នៅគ្រប់មណ្ឌលប្រឡង ឲ្យបានមុន។

៥-សម្រាប់ការផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ និងចែកជូននូវទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *