អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ឧត្តរមានជ័យ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។​

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា​ល ហើយរដ្ឋបាលខេត្តកំពង់ចាម​ តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។​

នៅក្នុងឧកាសនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ​ជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន។​

ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្ករដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹកកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែរបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ដែលបាននាំមកប្រគល់ជូន រួមមាន៖ថវិកា ចំនួន ៥០លានរៀល -ស៊ីម៉ងត៍ចំនួន ៥៦ តោន – ភេសជ្ជៈ អេចប្រេស ៣០០ កេស -ទឹកសុទ្ធកម្ពុជា ១,៥ លីត ២០០ កេស -ទឹកសុទ្ធកម្ពុជា ៣០០ កេស -ទឹកសុទ្ធ V-Active ៥០០ កេស -ភេសជ្ជៈ V-Cola ៥០០ កេស -តង់ ២ម x ៣ម ៥០០ តង់ -តង់ ៥ម x ៧ម ១០០ តង់ -អង្ករ ១០ តោន -ត្រីខ ៥០ កេសធំ -សៀង ១០ កេស -ពងទាសាប ៦.៤០០ គ្រាប់ -មីខ្លាឃ្មុំ -១៦០កេស -មី Modem ១២ កេស -មីគុយទាយ GOOD -១២ កេស -មីកំប៉ុង POP Mie
៨៧ កេស -ភេសជ្ជៈ បាកាស
២៤ កេស -ភេសជ្ជៈ Pocari sweet -២៥ កេស -ទឹកត្រី ១០០ យួរ -ទឹកស៊ីអីវ ១០០ យួរ -ប្រេងឆា ២៥០ លីត្រ -ខ្ទឹមស -២០០ គីឡូ -ប៊ីចេង ១០០ គីឡូ -ស្ករស ១០០ គីឡូ -អង្រឹង១៦០ អង្រឹង -ខោអាវចម្រុះ ២៧៥ ថង់ -អាវរងារ ១៣ បាល -ក្រមា ៧៥ ក្រមា -ក្រមាការ ៥០ -ស្រោមជើង៥៥ គូរ -ម៉ាស់ ៥០០ ប្រអប់-ធូបមូស ១៨០ ប្រអប់ -អំពូល
៣ កេស -ក្រដាសជូតមាត់ ១.១០០ ដុំតូច -កូនកន្សែងដៃ ៣០ កន្សែង -នំប្រអប់ចម្រុះ ៥៣០ គីឡូ ៣៧ -នំ UN ២២ ធុង -នំទាហាន VN ៣០ កស -កាហ្វ៦៩ គីឡ -ត្រីស្រស់
២ តោន -សាច់ស្រស់ ១ តោន -សាច់ជ្រូក ៥០០ គីឡូ, សាច់មាន់ ៥០០គីឡូ -ថ្នាំពេទ្យ
ចំនួន ១៧ កេស -អាវយ័ន្ត ១.៣០០ អាវ
កន្សែងយ័ន្ត ១.៣០០ កន្សែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *