ខេត្តព្រៃវែង: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រៃវែង បានចុះយុទ្ធនាការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សុក្រឹតភាពជញ្ជីងនៅទីតាំងផ្សារថ្មីក្រុងព្រៃវែង ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងពង្រឹងភាពស្មោះត្រង់ក្នុងអាជីវកម្ម។
សកម្មភាពនេះត្រូវបានដឹកនាំដោយ លោក រឿន សុខុម អនុប្រធានមន្ទីរ តំណាងឱ្យ លោក វ៉ាន់ សុភាព ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត។ ក្នុងសកកម្មភាពនេះ លោកអនុប្រធានមន្ទីរ រួមជាមួយមន្ត្រីជំនាញការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ បានសហការយ៉ាងជិតស្និទ្ធជាមួយតំណាងគណៈកម្មការផ្សារថ្មីក្រុងព្រៃវែង។
ខ្លឹមសារសំខាន់ៗនៃការចុះត្រួតពិនិត្យរួមមានការផ្ទៀងផ្ទាត់បច្ចេកទេស ក្រុមការងារបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ទៅលើជញ្ជីងដែលមានកម្រិតថ្លឹងក្រោម ១,០០០ គីឡូក្រាម ដែលអាជីវករកំពុងប្រើប្រាស់។
ដើម្បីធានាឱ្យបានថា រាល់ការលក់ និងការទិញកសិផល ក៏ដូចជាផលិតផលផ្សេងៗទៀត ដែលប្រើប្រាស់ជញ្ជីងប្រភេទនេះ មានភាពត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងមានភាពយុត្តិធម៌ទាំងអ្នកទិញ និងអ្នកលក់។
ក្រៅពីការពិនិត្យ លោកអនុប្រធានមន្ទីរក៏បានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹងអំពីសារៈសំខាន់នៃមាត្រាសាស្ត្រ និងការប្រើប្រាស់ជញ្ជីងដែលបានបិទស្លាកបញ្ជាក់សុក្រឹតភាពត្រឹមត្រូវតាមច្បាប់។
យុទ្ធនាការនេះបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង ដោយពួកគាត់យល់ឃើញថា សកម្មភាពនេះជួយកាត់បន្ថយការភ័យខ្លាចចំពោះការថ្លឹងមិនគ្រប់គីឡូ និងជួយបង្កើនទំនុកចិត្តលើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕

