ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ រួមគណៈប្រតិភូ សំណេះសំណាល និង សួរសុខទុក្ខ ចែកអំណោយ រៀបចំអាហារ ជូនដល់សិស្សមានពិការភាព និងកុមារកំព្រា ខេត្តសៀមរាប

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ វិទ្យាល័យអប់រំពិសេសខេត្ត និង កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាថ្ងៃខាងមុខនេះ ។

មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ ទាង អេង ទៀ សីហា ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និងពិការភ្នែកពីកំណើត និងកុមារកំព្រាដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅតាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និងបច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២ របស់ក្មួយៗ។ ឯកឧត្តម និងលោកជំទាវ ក៏មានសង្ឃឹមជឿជាក់ថា ចង់ឃើញកូនៗ ធំឡើងក្លាយជាយុវជនគំរូ ដែលចេះជួយខ្លួនឯង និងជាប្រយោជន៍ដល់សង្គមជាតិ ទៅថ្ងៃអនាគត។ ម៉្យាងទៀត កូនៗចាំថា ព្រះអាទិត្យនៅតែរះ ក្តីសង្ឃឹមនៅតែមានសម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់កូនៗទាំងអស់ រហូតបានរកនូវការងារ ជូនដល់សិស្សគថ្លង់ និងពិការភ្នែកបានធ្វើ នៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ ចំពោះបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើង ចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬ មិនពិការឡើយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់កូនៗ កុមារគថ្លង់ និង ពិការភ្នែក និង កុមារកំព្រាទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរះមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជន បានឧបត្ថម្ភគាំទ្រ ជាសម្ភារៈសិក្សា ស្បៀងអាហារប្រចាំខែ ដល់សាលាកុមារគថ្លង់ និង ពិការភ្នែក ដែលជាសកម្មភាពទាំងនេះ ជាការផ្តល់នូវភាពកក់ក្តៅ ចំពោះកុមារ និងជម្រុញឲ្យកុមារទាំងអស់មានការពុះពារតស៊ូទៀតផង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ បានផ្តល់អង្ករដល់វិទ្យាល័យអប់រំពិសេសខេត្ត នូវអង្ករ ៦តោន និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ នំ និង ថវិកា ១២លានរៀល សម្រាប់ប្រាស់ក្នុងសាលា និង ឧត្តមត្ថម្ភដល់មណ្ឌលកុមារ កំព្រាខេត្តសៀមរាប នូវថវិកា ២លានរៀល ព្រមទាំងចែកជូនសម្ភារៈសិក្សាដល់សិស្ស និង ថវិកាម្នាក់ៗ ២ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះក៏មានរៀបចំ ជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការ កុមាកំព្រា ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានធ្វើការបញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែក ក្នុងភាពទឹកចិត្ត ជាម្តាយឳពុករបស់ក្មួយៗ ប្រកបដោយភាពស្និតស្នាល ក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *