ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ

ខេត្តសៀមរាប: នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានដឹកនាំលោកលោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនក្ដុកក្ដួលនោះ ថ្នាក់ដឹកនាំខេត្ត និងប្រតិភូអមដំណើរ បាននាំយកសាររំលែកមរណៈទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ព្រមទាំងអុជធូបឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា សូមឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បាននាំនូវសេចក្ដីសោកស្ដាយ មួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី ឪពុក និងជីដូនជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌។

ស្ថិតក្នុងសមានទុក្ខដ៏សង្វេគនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវឥស្សរជនខ្មែរម្នាក់ ដែលតែងតែធ្លាប់បានយកចិត្តទុកដាក់ និងលះបង់នូវកាយពល បញ្ញាស្មារតី ក្នុងបុព្វហេតុជាតិ សកម្មភាព មនុស្សធម៌ ការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ក្នុងឱកាសដ៏សែនវិយោគជាពន់ពេកនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ និងក្រុមគ្រួសារ មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *