រដ្ឋបាលខេត្តសៀមរាប សូមឲ្យគ្រូពេទ្យទាំងអស់ត្រូវប្រើឥរិយាបថឲ្យបានសមរម្យចំពោះអ្នកជម្ងឺ នឹង ចាំទុកថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជម្ងឺ

ខេត្តសៀមរាប: នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធិរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការបូកសរុប លទ្ធផលនៃអង្គសន្និបាត ទទួលបានរយៈពេលមួយថ្ងៃកន្លះមកនេះ ដើម្បីពិនិត្យ មើលលទ្ធផលការងារភាពខ្លាំង កត្តាប្រឈម និង ស្វែងរកដំណោះស្រាយល្អៗដើម្បីធ្វើការអភិវឌ្ឍ កិច្ចការឲ្យទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរឡើងបន្ត និង ទទួលបានផ្តល់អនុសាសន៍ ក្នុងទិសដៅបន្តសម្រាប់ឆ្នាំខាងមុខ នូវយុទ្ធសាស្ត្រគន្លឺះចំនួន៩ ចំណុច និង វិធានការចំនួន៣ ជាចក្ខុវិស័យជាអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវពង្រឹងបន្តអនុវត្ត ព្រមទាំងទិសដៅចូលរួមជាមួយគោលនយោបាយគ្របដណ្តប់សុខភាព ជា សកលនៅកម្ពុជានាឆ្នាំ២០៣៥ ដោយបានរំលឹកជូនអង្គសន្និបាតទាំងមូលនូវចំណុចសំខាន់ៗ៥ ផងដែរ ។

លោក លី សារី បានមានប្រសាសន៍ថា ការផ្តល់សេវាបានល្អនៃវិស័យសុខាភិបាល មិនត្រឹមតែជាល័ក្ខខ័ណ្ឌ ចាំបាច់ និង មិនអាចខ្វះបានសម្រាប់ចូលរួមចំណែកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងលើកកម្ពស់ការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះវិស័យសុខាភិបាល និងការលើកកម្ពស់កិត្ដិយស និង សេចក្ដីថ្លៃថ្នូរ ដល់កម្ពុជាយើងផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាយុទ្ធសាស្រ្ត ក្នុងការបន្តអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត គឺត្រូវធ្វើការដោះស្រាយបញ្ហាឲ្យតូចៗ និងដោះស្រាយនៅនឹងកន្លែងដោយមិនរង់ចាំ និងបន្តលើកតម្កើនគុណតម្លៃនៃឥរិយាបថថ្លៃថ្នូរ និងប្រកាប់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល , ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាពជាមួយប្រជាពលរដ្ឋ អ្នកជម្ងឺ និងក្រុមគ្រួសារ ដោយឈរលើគោលការណ៍ បច្ចេកទេសម៉ត់ចត់ មនុស្សធម៌ គុណធម៌ ។ ត្រូវបន្តយកចិតទុកដាក់ខ្ពស់លើការពង្រឹង និងបន្តរៀនសូត្រនូវភាពជាអ្នកដឹកនាំ សមត្ថភាពធ្វើឲ្យកាន់តែប្រសើរជាលំដាប់ប្រព័ន្ធសុខាភិបាល ការថែទាំសុខភាពប្រជាពលរដ្ឋ តាមរយៈការបន្តពង្រឹងសមត្ថភាពមណ្ឌលសុខភាពដែលជាជួរមុខ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក ជាខ្សែបន្ទាប់ និងបន្តពង្រឹង និងបង្កើនសមត្ថភាពសង្គ្រោះបន្ទាន់ នៅកម្រឹតមន្ទីរពេទ្យបង្អែក និងធ្វើបន្តទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ព្រមទាំងបន្តបុរេសកម្មលើការបង្ការជម្ងឺឆ្លង ជម្ងឺមិនឆ្លង ជាពិសេសត្រូវពង្រឹងប្រពន្ធ័នៃការតាមដាន និងឆ្លើយតបជម្ងឺឆ្លងរាតត្បាតឲ្យបានទាន់ពេល រួមទាំងកម្មវិធីចាក់វ៉ាក់សាំងបង្ការ និង ការថែទាំសុខភាពមាតា ទារក និងកុមារ ទាំងមុនពេលសម្រាល និងក្រោយសម្រាល ដើម្បីធានាការសម្រាលដោយសុវត្ថិភាព រួមទាំងកម្មវិធីអាហារូបត្ថម្ភកុមារ នៅតែជាចំនុចអាទិភាពសុខាភិបាល។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក លី សារី បានជម្រុញដល់ថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និង មន្រ្តីនៃមន្ទីរសុខាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះវិស័យសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ និង ការទទួលខុសត្រូវ និង អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដៃគូរសុខាភិបាល ត្រូវដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ គាំទ្រ ជម្រុញ កែលម្អ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ក្នុងទិសដៅផែនការ ប្រគួតប្រជែង ឃុំ សង្កាត់ ចូលរួម និងគាំទ្រល្អ មណ្ឌលសុខភាពផ្តល់សេវាល្អ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *