(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុង នោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរនិង បញ្ហាសង្គមជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពរងគ្រោះដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ពោលគឺត្រូវសហការ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការចងក្រង និងបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយគ្មានការអន្តរាគមន៍ និងគ្មានការលើកលែង ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រខ្លួន កុំឱ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឱ្យសោះ ព្រោះថាវាអាចបំផ្លាញអនាគតយើង៕

