ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈ ឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។
ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៤០០នាក់ ក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីបំពេញតាមការសន្យា ដែល ឯកឧត្តម បានផ្តល់ជូនកាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ។
ឆ្លើយតបតាមការសន្យាកាលពីលើកទីមួយ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកនូវពូជបន្លែ កូនឈើហូបផ្លែ សាច់គោ សាច់ជ្រូក ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចម្រុះជាច្រើនប្រភេទ មកចែកជូនដោយផ្ទាល់ដៃ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសហគមន៍ ដើម្បីជំរុញការបង្កបង្កើនផល ពង្រឹងសេដ្ឋកិច្ចគ្រួសារ បានបរិភោគ និងប្រើប្រាស់ ទាំងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ។
ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្ត និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស បើទោះបីជាស្ថិតក្នុងតំបន់ឆ្ងាយដាច់ស្រយាល ដោយបានជំរុញឱ្យគណៈគ្រប់គ្រងសាលាបន្តពង្រឹងគុណភាពអប់រំ និងបំណិនជីវិតដល់កូនៗកុមារទាំងអស់។ ជាការពិតណាស់ ការការពារធនធានធម្មជាតិ គឺ ឯកឧត្តម នៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះជនចំណូលស្រុក ដែលមានបំណងមិនល្អមកលើធនធានធម្មជាតិក្នុងតំបន់នេះ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ពីវឌ្ឍនភាពនៃការត្រៀមតភ្ជាប់បណ្តាញអគ្គិសនី និងការជំរុញទៅក្រសួងសាមី ដើម្បីដំឡើងបង្គោលអង់តែនទូរស័ព្ទ យ៉ាងយូរក្នុងអំឡុងចុងឆ្នាំ២០២៦នេះ បងប្អូននឹងបានប្រើប្រាស់សេវាទូរស័ព្ទហើយ។
ឯកឧត្តម អភិបាលខេត្ត បានដាស់តឿន និងអំពាវនាវយ៉ាងទទូចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។ ហើយលោកនឹងមានកាដូពិសេស លើកទឹកចិត្តសម្រាប់ភូមិឋានណាដែលស្អាត និងគ្មានសំរាម។
ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហគមន៍រាំងខ្វាវ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំសោភ័ណភាពនៅ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ក្នុងគោលបំណងជំរុញការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែមានភាពស្រស់បំព្រង បៃតង និងមានរបៀបរៀបរយ ដើម្បីផ្តល់ភាពទាក់ទាញ និងផាសុកភាពដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ៕

