ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ស្នើដល់សមាជិកថ្មី ក្នុងសង្កាត់វាលវង់ ចំនួន​ ៧៤៨នាក់​ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស

(កំពង់ចាម): ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាជិកថ្មី ដែលទើបប្រកាស ទទួលស្គាល់ និងបញ្ចូលជាសមាជិកបក្ស ក្នុងសង្កាត់វាលវង់ ចំនួន​ ៧៤៨នាក់​ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃគណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន​ ៧៤៨នាក់​ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *