រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦

(កំពង់ចាម) : រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ។

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឧត្តម ឡោ ចាន់លី ឯកឧត្តម ស្រី សុភ័ក្ត្រ និង ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំក្បួនដង្ហែបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងការរៀបចំស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ។​

កិច្ចប្រជុំនេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិកា រដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជនផងដែរ។

ឯកឧត្តម អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ការរៀបចំសង្ក្រាន្តឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកកម្ពស់សិល្បៈវប្បធម៌ជាតិ និងជាឱកាសសម្រាប់អាជីវករក្នុងស្រុកក្នុងការបង្ហាញសក្តានុពលរបស់ខ្លួនទៅកាន់មហាជន។

ឯកឧត្តម អភិបាលរងខេត្តបានបន្ដថា ក្នុងបរិយាកាសសប្បាយរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នេះយើងទាំងអស់គ្នាបានជួបជុំគ្រួសារ លេងកម្សាន្ត និងបង្កើនស្នាមញញឹមលើទឹកដីសន្តិភាព។ ប៉ុន្តែទោះបីជាសប្បាយរីករាយយ៉ាងណាក៏ដោយ ក៏យើងមិនភ្លេចនូវតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេងរបស់ «វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ កម្ពុជា» នោះដែរ។ ខណៈដែលយើងកំពុងលេងកម្សាន្តយ៉ាងកក់ក្តៅជាមួយមនុស្សជាទីស្រឡាញ់ បងប្អូនកងទ័ពជាច្រើនកំពុងឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងព្រៃជ្រៅ និងគ្រប់ច្រកល្ហក ដើម្បីការពារបូរណភាពទឹកដី។

ដូចច្នេះក្នុងឱកាសសង្ក្រាន្តកំពង់ចាម ឆ្នាំនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរដោយក្តីដឹងគុណ និងផ្ញើសារសួរសុខទុក្ខ ក៏ដូចជាពរជ័យជ័យមង្គល ទៅកាន់បងប្អូនកងទ័ពដែលជាសសរទ្រូងដ៏រឹងមាំនៃជាតិមាតុភូមិយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *