ខេត្តព្រៃវែង: នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” និងការត្រៀមរៀបចំព្រះរាជពិធី “ច្រត់ព្រះនង្គ័ល” ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីខេត្តព្រៃវែងនាពេលខាងមុខ។
១. ការត្រៀមលក្ខណៈសម្រាប់ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦
ក្នុងអង្គប្រជុំ ឯកឧត្តមអភិបាលខេត្ត បានស្តាប់នូវរបាយការណ៍វឌ្ឍនភាពពីបណ្តាអនុគណៈកម្មការជំនាញនីមួយៗ ដោយផ្ដោតសំខាន់លើ ការតុបតែងលម្អភ្លើងពណ៌ ការរៀបចំស្តង់ពិព័រណ៍ និងទីតាំងល្បែងប្រជាប្រិយខ្មែរ។ ផែនការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងទេសចរដែលមកកម្សាន្ត។ និងការរៀបចំចំណត និងផ្លូវធ្វើដំណើរដើម្បីបញ្ចៀសការកកស្ទះ។
២. ការត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល
ដោយសារឆ្នាំ២០២៦នេះ ខេត្តព្រៃវែងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឯកឧត្តម សួន សុម៉ាលីន បានសង្កត់ធ្ងន់លើការរៀបចំទីលានប្រារព្ធពិធី ធានាឱ្យបាននូវភាពសមរម្យ តាមរចនាបថប្រពៃណីជាតិ និងភាពអធិកអធម។ ការសម្របសម្រួលជាមួយក្រសួងព្រះបរមរាជវាំង និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យព្រះរាជពិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។ ឯកឧត្តមក៏បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ បន្តសហការគ្នាជិតស្និទ្ធ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ទាំងពីរនេះ ក្លាយជាអនុស្សាវរីយ៍ដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនខេត្តព្រៃវែង។

