(កំពង់ចាម) រដ្ឋបាលស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមជាមួយ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកស្ទឹងត្រង់ ។
លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គម។
លោកជំទាវ បន្តថា ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យ ជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាព ច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និង ការគោរពស្រឡាញ់។
នាឱកាសនោះដែរ លោកជំទាវ កុល ធារិន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានឧបត្ថម្ភ សំពត់ចំនួន ១២០ក្បិន ជូនដល់មន្ត្រី ជាស្ត្រី និងភរិយារបស់មន្ត្រី នៃរដ្ឋបាលស្រុកស្ទឹងត្រង់ផងដែរ៕

