រដ្ឋបាលខេត្តសៀមរាប និងអង្គការ People for Care and Learning ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំ និងការកាត់បន្ថយភាពក្រីក្រ!

ខេត្តសៀមរាប: នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអនុញ្ញាតឱ្យ លោក Travis Johnson នាយកប្រតិបត្តិអង្គការ People for Care and Learning (PCL) ប្រចាំសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសកម្មភាពមនុស្សធម៌ក្នុងខេត្ត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពនៃគម្រោងអប់រំ និងការងារសប្បុរសធម៌ ជាពិសេសការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក។ ជាមួយគ្នានេះ លោក Travis Johnson បានជម្រាបជូនរដ្ឋបាលខេត្តនូវសមិទ្ធផលថ្មី រួមមាន៖ អង្គការ PCL ទើបតែបានសម្រេចការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនថ្មីមួយកន្លែងទៀតនៅក្នុងស្រុកពួក និងការបន្តបេសកកម្មផ្ដល់ការអប់រំផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងតំបន់គោលដៅ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក យុន លីនណេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ PCL ដែលជានិច្ចកាលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា ការចូលរួមរបស់អង្គការលើវិស័យអប់រំ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតយុវជនកម្ពុជា។

លោក Travis Johnson ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប ដែលតែងតែផ្ដល់កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងរលូន ធ្វើឱ្យរាល់គម្រោងរបស់អង្គការទទួលបានលទ្ធផលជាផ្លែផ្កា និងបម្រើដល់ប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីលុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ និងការបណ្តុះបណ្តាលជំនាញ។ លើកកម្ពស់សក្តានុពលធនធានមនុស្ស តាមរយៈការបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើងជាងមុន។ ជាពិសេសការបន្តការងារជួយដល់ជនងាយរងគ្រោះ និងសិស្សានុសិស្សក្រីក្រតាមសហគមន៍ដាច់ស្រយាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *