ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ស៊ុយ សារ៉េត នាយរងផ្នែកបង្ក្រាប និងបង្ក្រាបបទល្មើសលើសម្បត្តិវប្បធម៌ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ និងជានគរបាលប្រចាំការនៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានសពក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក យុន លីនណេ អភិបាលរងខេត្ត ក្នុងនាមថ្នាក់ដឹកនាំ និងប្រតិភូខេត្ត បានសម្ដែងការសោកស្ដាយ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ស៊ុយ សារ៉េត នាយរងផ្នែកបង្ក្រាប និងបង្ក្រាបបទល្មើសលើសម្បត្តិវប្បធម៌ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ និងជានគរបាលប្រចាំការនៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ដោយកាលលោកនៅមានអាយុជីវិត លោកបានធ្វើការលះបង់ធំធេង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប។
មរណភាពរបស់លោកវរសេនីយ៍ត្រី គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជាការបាត់បង់នូវថ្នាក់ដឹកនាំមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលកន្លងមកលោកបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងក្នុងការកសាងគ្រួសារ ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសជាតិ និងព្រះពុទ្ធសាសនា។ ការខិតខំប្រឹងប្រែងរបស់លោក ត្រូវបានគោរពស្រឡាញ់ពីគ្រប់មជ្ឈដ្ឋាន និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ។
ក្នុងនាមថ្នាក់ដឹកនាំ និងប្រតិភូខេត្ត សូមសម្តែងនូវការសោកស្ដាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារ ញាតិមិត្តនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ស៊ុយ សារ៉េត បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

