អភិបាលខេត្តពោធិ៍សាត់ ផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួន និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ក្មួយៗត្រូវចងចាំថា «យើងត្រូវរៀនទៅរកគោលដៅជាវិជ្ជមាន និងត្រូវរៀនទៅរកទីផ្សារការងារ»។

ការផ្ដាំផ្ញើរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យ តាមដានវាយតម្លៃការងារដឹកនាំ និងជំរុញការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ និងសាលាបឋមសិក្សា-អនុវិទ្យាស្វាយដូនកែវ ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ពិតណាស់ថា លោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។

ឯកឧត្តម សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។ ឯកឧត្តម សូមឱ្យគណៈគ្រប់គ្រងសាលានីមួយៗ ត្រូវដឹកនាំសិស្ស និងជួយបំផុសចលនា ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន និងបន្ទប់រៀន ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។ ជាមួយគ្នានោះឯកឧត្ដមក៏សូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវគិតគូរពីការរៀបចំដាក់តាំង រូបឥស្សរជនឆ្នើមរបស់យើង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន។

ឯកឧត្តម ខូយ រីដា បានលើកឡើងថា កូនក្មួយសិស្សានុសិស្សទាំងអស់ មានឱកាសពេញលេញ ក្នុងការសិក្សារៀនសូត្រ ដែលខុសគ្នាពីយុវជនសម័យមុន ក្នុងសម័យសង្គ្រាម និងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រទេសជាតិយើង ធ្លាប់ឆ្លងកាត់ក្នុងស្ថានភាពដ៏លំបាកវេទនាបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *