បវរកញ្ញាភពផែនដីអន្តរជាតិ ៣៥ប្រទេស មកចូលរួមពិធីដាំកូនដើមត្នោត នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប

ខេត្តសៀមរាប: នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីដាំកូនដើមត្នោតចំនួន ៤០០ដើម នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ។ ក្នុងពិធីនោះ មានការចូលរួមពីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រតិភូ បវរកញ្ញាភពផែនដីអន្តរជាតិ ៣៤ប្រទេស ឆ្នាំ ២០២៦ ។

លោកអភិបាលរងខេត្ត មានមតិសំណេះសំណាល និងពីកម្មវិធីដាំដើមត្នោត គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតងនិងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេស ការដាំដើមត្នោតនៅថ្ងៃនេះ មិនត្រឹមតែជាការរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់យើងផងដែរ ព្រោះដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិដ៏មានតម្លៃ និងជាសញ្ញាបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនេះផងដែរ សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយ ស្ថាប័ន Miss Planet International និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង។ កិច្ចសហការរវាងវិស័យឯកជន អង្គការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋានបែបនេះ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។

ជាពិសេស ប្រតិភូបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៦ លើកទី៤ ដែលមានបេក្ខនារីមកពីប្រមាណ ៣៥ប្រទេសជុំវិញពិភពលោក បានអញ្ជើញមកទស្សនកិច្ចនៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងគោលបំណងស្វែងយល់អំពីរបៀបរស់នៅ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការចូលរួមរបស់ប្រតិភូអន្តរជាតិនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប ទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោកផងដែរ។

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមានទាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិដ៏សម្បូរបែប។ ដូច្នេះ ការអភិវឌ្ឍទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ គឺជាទិសដៅដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមទេសចរណ៍កម្ពុជា ប្រតិភូ Miss Planet International អាជ្ញាធរខេត្ត អាជ្ញាធរស្រុកសូទ្រនិគម អាជ្ញាធរឃុំ និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ព្រមទាំងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ និងគាំទ្រកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *