អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ

(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរ បានល្អប្រសើរ ក្នុងការរស់នៅប្រកបដោយសុភមង្គល ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពព្រែកកក់ ស្ថិតក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សុខភាពល្អគឺជាគ្រឹះដ៏សំខាន់ បំផុតសម្រាប់បង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ ខណៈរាងកាយដែល រឹងមាំនាំឱ្យមានអារម្មណ៍ស្រស់ស្រាយ គំនិតប្រកបដោយបញ្ញា និងសមត្ថភាពដោះស្រាយបញ្ហា ផ្សេងៗ​ បានប្រសើរជាងមុន ដូចនេះចូរថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីបន្តដំណើរទៅកាន់គោលដៅនៃជីវិតដ៏ភ្លឺស្វាង ឱ្យបានគ្រប់ៗគ្នា​ ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ត្រូវបន្តពង្រឹង និងអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ខ្ពស់ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់យុវសិស្ស ទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខ ដែលមានដូចជា បញ្ហាក្មេងទំនើង គ្រឿងញៀន ខុសច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរជាដើម​ ហើយត្រូវខិតខំសិក្សារៀនសូត្រផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *