ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន!

ខេត្តបន្ទាយមានជ័យ:  អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋានក្រុង/ស្រុកទាំង៩ ត្រូវពង្រឹងការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

អ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នេះគឺ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, សន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន ត្រូវតាមដានរាល់ព័ត៌មានក្លែងក្លាយដែលមានចរឹកបង្កចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងមានវិធានការច្បាប់ជាបន្ទាន់។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជំរុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ សម្ភារះ ឲ្យបានគ្រប់គ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការពារក្បួនប្រតិភូថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត ឬចុះបំពេញបេសកម្មការងារផ្សេងៗ ត្រូវធានាឲ្យនូវសុវត្ថិភាពពេញលេញ។ ក្រៅពីនេះលោកក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *