ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង: នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។

ឯកឧត្តម សង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ក្នុងន័យនេះឯកឧត្តម សុខ លូ ស្នើឯកឧត្តមឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ស្នើភាគីចិនពិនិត្យលទ្ធភាពរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម វ៉ាង វិនពិន បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំប្រទេសកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបងព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិនដោយឯកឧត្តមចាត់ទុកខេត្តបាត់ដំបងជាខេត្តមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសចិននិងកម្ពុជា។

ឯកឧត្តមបានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *