កិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦

ខេត្តសៀមរាប: នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទាំង១៣។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំង១៣ បន្តយកចិត្តទុកដាក់ចំពោះបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងជាពិសេសត្រូវបន្តគិតគូរដល់ក្រុមគ្រួសារយុទ្ធជនពលី កុមារកំព្រាដែលមានឪពុកជាយុទ្ធជនពលី ដោយមិនទុកពួកគាត់ចោលឡើយ។ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីខែកុម្ភៈកន្លងទៅ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះក្រុមការងារទាំងអស់ ដែលបានអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ បានចេញជាលទ្ធផលល្អប្រសើរ ទោះបីជាមានការខ្វះចន្លោះបន្តិចបន្តួច នឹងធ្វើការពិភាក្សា និងកែលម្អសម្រាប់ទិសដៅការងារជាបន្តទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *