អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ បន្តអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាម!

ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរ បន្តអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាម និងជំរុញប្រជាពលរដ្ឋឱ្យចេះចូលរួមរាយការណ៍ករណីគ្រឿងញៀន តាមកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាន។

ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែកផ្លូវលេខ៥៣០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៣៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិចំការសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរំដោះយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរលើដងផ្លូវទៀតទេត្រូវលក់ដូនៅក្នុងផ្ទះចៀសវាងបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។

ឯកឧត្តម អភិបាលខេត្ត បានពន្យល់ប្រជាពលរដ្ឋអំពីការខិតខំរបស់អាជ្ញាធរក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋគឺដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការររៀបចំការអភិវឌ្ឍនានាទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងដែលបានចូលរួមរុះរើរ កាត់សំយាបដែលសង់លើដីចំណីផ្លូវដើម្បីរដ្ឋបាលខេត្តអាចបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ។

ឯកឧត្តម សុខ លូ បានរំលេចពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែល ឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំការដាក់សឡាបំភ្លឺផ្លូវសាធារណៈ នៅពេលផ្លូវបានស្ថាបនារួច៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *