លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ២០២៦

ខេត្តសៀមរាប: នៅព្រឹក ថ្ងៃ ចន្ទ ១៤រោច ខែ ផល្គុន ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃ ទី២ ខែ មីនា ឆ្នាំ ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការងនគរបាលខេត្ត កងរាជអាវុធហត្ថ ថ្នាក់ដឹកនាំមន្ទីរ គណៈអភិបាល នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស អធិការ អធិការរង ក្រុមការងារបូកសរុបរបាយការណ៍ ក្រុង ស្រុក ដែលជាសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានតំណាងអង្គការ ដៃគូពាក់ព័ន្ឋ ចូលរួមសរុប ៦២រូប ស្រី ៣៤ រូប នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវតាមដានរាល់សកម្មភាពមិនប្រក្រតីនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី ក៏បានផ្តល់មតិលើចំណុចគន្លឹះសំខាន់ចំនួន៣ ដល់ក្រុមការងារដោយក្នុងនោះត្រូវមានភាពច្បាស់លាស់ពីទិន្នន័យនៃការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដោយផ្អែកលើប្រព័ន្ធទិន្នន័យជាក់លាក់ ដើម្បីធានាប្រសិទ្ធភាពការងារ។ បន្តចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យយល់ដឹងពីល្បិចកលជនខិលខូច។ ជាពិសេស ត្រូវបង្កើនការធ្វើការងាររួមគ្នារវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីផ្តល់សេវាគាំពារផ្នែកច្បាប់ និងស្មារតីដល់ជនរងគ្រោះបានទាន់ពេលវេលា។

លោកស្រីបន្តថា សម្រាប់កិច្ចប្រជុំនាពេលនេះដែរ ជាឱកាសសម្រាប់មន្ទីរជំនាញ និងរដ្ឋបាលក្រុងស្រុក ក្នុងការលើកឡើងនូវបញ្ហាប្រឈមថ្មីៗដែលបានកើតមានឡើង ជាពិសេសពាក់ព័ន្ធនឹងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា និងការអូសទាញពលករឱ្យធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ បន្ថែមពីនេះ អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីធានាឱ្យបាននូវការផ្ដល់សេវាគាំពារផ្នែកច្បាប់ និងផ្នែកស្មារតីដល់ជនរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរក្នុងខែកន្លងមក។ ពិតណាស់កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្តសៀមរាប ក្នុងការកសាងសង្គមមួយដែលគ្មានការជួញដូរមនុស្ស និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *