ថ្នាក់ដឹកនាំស្រុកស៊ីធរកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនវីរកងទ័ពជួរមុខចំនួន ២រូប

ខេត្តព្រៃវែង: នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល រួមជាមួយ លោក នួន ថូ ប្រធានគណៈកម្មាធិការគណបក្សស្រុក បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពជួរមុខចំនួន ២រូប ដែលបានឆ្លៀតពេលសម្រាកត្រឡប់មកលេងស្រុកកំណើត។

​អមដំណើរក្នុងសកម្មភាពមនុស្សធម៌នេះ រួមមានលោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុល មេបញ្ជាការ-មេបញ្ជាការរង កងកម្លាំងទាំងបី ប្រធានការិយាល័យជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ និងឃុំជាច្រើនរូបទៀត។

​ក្នុងឱកាសនោះ លោកអភិបាលស្រុកបាននាំយកនូវប្រសាសន៍សួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ជូនដល់វីរកងទ័ពទាំង ២រូប រួមមាន៖

​១. លោក ម៉ិច សុផាត (អាយុ ២៨ឆ្នាំ) ​អង្គភាព កងពលតូចអន្តរាគមន៍លេខ១២៨ (ឈរជើងនៅទិសព្រះវិហារ)
មាន ​ទីលំនៅភូមិកោងទន្លេលើ ឃុំល្វេ ​អំណោយទទួលបានអង្ករ ៣០គីឡូក្រាម, មីខ្លាឃ្មុំ១កេស ត្រីខ១យួរ និងថវិកាចំនួន ៤០០,០០០រៀល។

​២. លោក ស៊ឺ ដារ៉ូ (អាយុ ៣៣ឆ្នាំ) មកពី​អង្គភាព កងពលលេខ១២៨ (ឈរជើងនៅទិសមុំបី) មាន​ទីលំនៅភូមិព្រៃដើមថ្នឹងទី៣ ឃុំព្រៃដើមថ្នឹង ​អំណោយទទួលបាន អង្ករ ៣០គីឡូក្រាម មីខ្លាឃ្មុំ១កេស ត្រីខ១យួរ និងថវិកាចំនួន ៥០០,០០០រៀល។

​លោក ស៊ាន ចិន្តា បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់វីរកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ជួរមុខ ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជននៅទូទាំងប្រទេស។

​សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព ដែលជាបង្អែកដ៏រឹងមាំនៃជាតិមាតុភូមិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *