កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប

សៀមរាប: នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នា២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្ត ចូលរួមផងដែរ ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកអភិបាលរងខេត្តបានកោតសរសើរ យ៉ាងស្មោះសរ ចំពោះលទ្ធផលដែល សម្រេច បានជាវិជ្ជមាន ដែលវីរភាពនេះជាតំលៃយ៉ាងថ្លៃថ្លា ដែលបានបម្រើ សេវាសាធារណៈសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសសន្និសីទថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗ ទទួលបានជោគជ័យគួរជាទីមោទនភាពក្រៃលែង។ បេសកកម្មនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងថ្លៃថ្លាបំផុត មួយជំហានយ៉ាងសំខាន់ថែមទៀត ចំពោះវិស័យសន្ដិសុខ ការពារជាតិ សំដៅរក្សាស្ថិរភាពសង្គម ប្រកបដោយចីរភាព និងជំរុញកំណើនល្បឿន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តើរៗ។ លោកអភិបាលរងក៏មានមតិផ្តាំផ្ញើមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តការងារសម្រាប់ឆ្នាំបន្ទាប់ដូចខាងក្រោម ៖

១-ពង្រឹងបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការទទួលខុសត្រូវដោយមាន កិច្ចសហ កា រល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធក្នុងការការពារ សន្ដិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកម្សាន្ត និងសន្និសីទជាតិ-អន្តរជាតិ ដែលនឹងប្រារព្ធក្នុងទឹកដី នៃខេត្តសៀមរាប។
២-បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពតាមរយៈការចលនាមន្រ្តីរាជការ គ្រប់ៗរូប ផ្នែកឯកជន អង្គការ-សង្គមស៊ីវិល និងសាធារណជន ឱ្យបន្តចូលរួមអនុវត្តគោលនយោបាយនេះ ឱ្យបានសស្រាក់សស្រាំ នៅទូទាំងខេត្ត។
៣-កងកម្លាំងបញ្ជាការដ្ឋាន ដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវខិតខំលើកកម្ពស់សមត្ថភាពជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងស្មើភាព។
៤-ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើសនានា ជាអាទិ៍ ពិសេសត្រូវបង្រ្កាបឱ្យបាននូវបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) មិនឱ្យមាននៅក្នុងតំបន់ភូមិសាស្ត្ត្រខេត្តសៀមរាប​ និងតាមទីតាំងរស់នៅប្រមូលផ្តុំ​ បទល្មើសព្រហ្មទណ្ឌ បទល្មើសនេសាទ ការជួញដូរមនុស្ស ការផលិត ចរាចរ ប្រើប្រាស់ រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទល្បែងស៊ីសង ការធ្វើអាជីវកម្មឈើក្រញូង ការដឹកជញ្ជូនការស្តុកទុក ការកែច្នៃ ការប្រើប្រាស់ប្រភេទឈើនេះគ្រប់រូបភាព ទប់ស្កាត់ក្នុងការកាប់ទន្រ្ទានព្រៃខុសច្បាប់ និងបង្រ្កាបបទល្មើសល្បែងអនឡាញគ្រប់ប្រភេទក្នុងខេត្តសៀមរាប។
៥-ត្រូវបន្តទប់ស្កាត់ឱ្យបានដាច់ខាត នូវរាល់សកម្មភាពរបស់ក្មេងទំនើង ដែលបង្កអសន្តិសុខទាំងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាលក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *