អភិបាលខេត្តកំពត អញ្ជើញប្រកាសផ្ទេរភារកិច្ច អភិបាលក្រុងកំពត និងក្រុងបូកគោ ដើម្បីពង្រឹងយន្តការដឹកនាំ និងជំរុញសន្ទុះការអភិវឌ្ឍនៅមូលដ្ឋាន

ខេត្តកំពត:  នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីពង្រឹងយន្តការដឹកនាំ និងជំរុញសន្ទុះការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លោក លាង រឿងសុធី ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលក្រុងកំពត ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ។ ទន្ទឹមនឹងនេះដែរ លោកស្រី ងិន ផលរ័ត្ន ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។

ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ គឺជាការរៀបចំតាមចរន្តការងាររដ្ឋបាល ក្នុងគោលបំណងបង្កើនសមត្ថភាពដឹកនាំ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ និងមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់លោក និងលោកស្រីដែលទើបទទួលបានភារកិច្ចថ្មី ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើការសហការគ្នាឱ្យបានជិតស្និទ្ធ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីនាំមកនូវភាពរីកចម្រើន និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តកំពតទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *