អំណោយរបស់សប្បុរសរស់នៅប្រទេសរដ្ឋកូរ៉េត្រូវបានយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ៣៦៧គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្ដសៀមរាបតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពចំនួន ៣៦៧គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្ដប្រាសាទបទុមមោង ឃុំមោង ស្រុកស្រីស្នំ ខេត្ដសៀមរាបដោយមានការចូលរួមពី ឯកឧត្តម ហេង សារិទ្ធិ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ឯកឧត្តម ឃួន ផុនរតនៈ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព។ ឯកឧត្តមក៏បានណែនាំដល់បងប្អូនភៀសសឹកទាំងអស់ ត្រូវរក្សាអនាម័យថែទាំសុខភាពឱ្យបាបានល្អប្រសើរ ជៀសវាងមានជំងឺតម្កាត់កើតឡើងផ្សេងៗ ជាពិសេសទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ហេង សារិទ្ធិ បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានបន្ដយកចិត្ដទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលកំពុងបន្ដស្នាក់នៅក្នុងភូមិសាស្ត្រខេត្ដសៀមរាប ដោយតែងតែប្រមូលគៀងគរពីរសប្បុរសជន នូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្ត លោក លី សារី អភិបាលរងខេត្ដ បានថ្លែងអំណរគុណចំពោះឯកឧត្ដម ឯកអគ្គរាជទូត ដែលបានកៀរគរថវិកាពីសប្បុរសជន សមាគមខ្មែរនៅប្រទេសកូរ៉េ ក្នុងការជួយដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅវត្ដប្រាសាទបទុមមោង នាពេលនេះ។ លោកថាទោះបីអំណោយទាំងនេះបន្តិចបន្តួចក៏ពិតមែន តែបានបង្ហាញពីស្មារតីយកចិត្ដទុកដាក់ និងគិតគូរ ដែលបង្ហាញពីស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយគ្នាក្នុងគ្រាលំបាក។

គួរឱ្យដឹងថា អំណោយដែលបានផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, តង់ខៀវ៤ គុណ៦ម៉ែត្រ ចំនួន១, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ និងមីជាតិ ១កេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *